វីរបុរសវ័យក្មេង លះបង់ជើងស្តាំ ជួយសង្គ្រោះនារីចាស់ម្នាក់ ឲ្យរួចផុតជីវិតពីរថភ្លើង


ចិន៖  បុរសវ័យ២៩ឆ្នាំម្នាក់  បានជួយសង្គ្រោះស្រ្តីចំណាស់វ័យ៦៨ឆ្នាំម្នាក់ ឲ្យរួចផុតពីសេចក្តីស្លាប់ ប៉ុន្តែជើងខាងស្ដាំរបស់គាត់ ត្រូវបានរថភ្លើងកិនខ្ទិចទៅហើយ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោក Xu Qian Kai បានទៅធ្វើការដូចសព្វដង នៅលើរថភ្លើង ដែលធ្វើដំណើរទៅកាន់ស្ថានីយ៍ Chongqing។ នៅម៉ោងប្រហែល៣ រសៀលគាត់បានឈរនៅផ្នែកខាងក្រោយរថភ្លើង និងសង្កេតមើលឧបសគ្គផ្សេងៗនៅតាមផ្លូវដើម្បីងាយប្រាប់អ្នកបើកបររថភ្លើង។
ស្រាប់តែភ្លាមៗនោះគាត់បានឃើញស្ត្រីវ័យចំណាស់ម្នាក់ ឈរនៅចំកណ្តាលផ្លូវរថភ្លើងប្រហែល ៥ម៉ែត្រ ពីមុខរថភ្លើងដែលខិតជិតទៅដល់។  លោកបានចុចហ្វ្រាំងអាសន្នភ្លាមៗ ហើយស្រែកខ្លាំងៗដើម្បីប្រាប់ទៅស្ត្រីចំណាស់ឲ្យចេញពីផ្លូវរថភ្លើងប៉ុន្តែស្ត្រីនោះមិនមានប្រតិកម្មអ្វីទាំងអស់។
ដោយមិនគិតច្រើន បុរសវ័យក្មេងម្នាក់នោះ បានលោតចេញពីរថភ្លើង ហើយបានព្យាយាមរត់ទៅទាញស្ត្រីចាស់នោះទៅកន្លែងសុវត្ថិភាព  ប៉ុន្តែបានបរាជ័យក្នុងការព្យាយាមដំបូងរបស់គាត់។  គាត់បានទាញស្ត្រីនោះម្តងទៀត  បានជោគជ័យឱ្យនារីចំណាស់ចេញពីផ្លូវដែលមានគ្រោះថ្នាក់  ប៉ុន្តែជាអកុសលគាត់បានដួល ទើបមិនមានពេលវេលាដើម្បីដកជើងស្តាំចេញ ក៏ត្រូវរថភ្លើងរត់ពីលើជើងរបស់គាត់តែម្តង។
ឧប្បត្តិហេតុទាំងមូល កើតឡើងក្នុងរយៈពេលតិចជាង ១០វិនាទី ហើយទាំងលោក Xu និងស្ត្រីវ័យចំណាស់រូបនោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ ដោយសារការគិតដ៏ឆាប់រហ័សរបស់លោក Xu ទើបស្ត្រីចំណាស់នោះអាចរស់រានមានជីវិត ដោយគ្រាន់មានរបួសផ្ទៃមុខបន្តិចបន្តួចប៉ុណ្ណោះ  ប៉ុន្តែជើងរបស់លោក Xu វិញបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរបំផុត។
តាមពិតទៅស្ត្រីចំណាស់នោះមានបញ្ហាស្តាប់ (ត្រចៀកធ្ងន់) ហើយមិនបានឭសម្លេងស្រែករបស់លោក Xu ទេ ដែលនេះជាមូលហេតុដែលគាត់មិនចាកចេញពីផ្លូវ។ 
បុរសវ័យក្មេងដ៏អស្ចារ្យរូបនេះនិយាយថា គាត់មិនមានការស្ដាយក្រោយចំពោះសកម្មភាពរបស់គាត់ឡើយ  ទោះបីជាគាត់បានបាត់បង់ជើងក៏ដោយ។  ហើយបើមានឧប្បត្តិហេតុនេះកើតឡើងម្ដងទៀត គាត់នៅតែជួយគេដដែល៕

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ស្ថានភាពជើងរបស់វីរបុរស Xu
ស្ត្រីចំណាស់ថ្វាយបង្គំលោក Xu
លោក Xu សម្រាកលើគ្រែ

Share this

Related Posts

Previous
Next Post »